កាលពីថ្ងៃសៅរ៍ទី២៥ ខែ សីហា ខ្ញុំបានទៅមើលការប្រកួតបាល់ទាត់ដណ្តើមពាន រង្វាន់យុវជនអាស៊ាន ដែលពេលនោះកម្ពុជាយើងជួបជាមួយនឹងប្រទេសប្រ៊ុយណេ។ក្នុងតង់ទីមួយ ត្រឹមតែរយះពេល២៤ នាទីប៉ុណ្ណោះ កម្ពុជាយើងអាចរកគ្រាប់បាល់បានចំនួនពីរគ្រាប់ ចំណែកតង់ទីពីរវិញស្រាប់កីឡាកររបស់កម្ពុជាយើងបន្ថយសង្វាក់នៃការប្រយុទ្ធដោយពួកគេលេងជាលក្ខណះធម្មតាៗដែលជាហេតុធ្វើក្រុមទស្សនិកជនរបស់ខ្មែរយើងមានការខឹងសម្បារយ៉ាងខ្លាំង ហើយម៉្យាងទៀតពួកគេសង្ស័យថាមានការលក់គ្រាប់បាល់ ពីព្រោះនៅលើទីផ្សារមានការភ្នាល់ថា កម្ពុជាអាចរកគ្រាប់បាល់បានត្រឹមតែពីរគ្រាប់ប៉ុណ្ណោះ។ទស្សនិកជនចំនួនប្រហែល៥០ពាន់នាក់បានស្រែកជេរប្រទេចផ្តាសារដល់ក្រុមកីឡាករ គ្រូបង្វឹក និង អ្នកដឹកនាំក្រុមទាំងអស់ថា “ខ្មែរលក់ គ្រាប់បាល់” “ខ្មែរលក់ជាតិ” “ខ្មែរបំផ្លាញជាតិ”—-ហើយថែមទាំងនាំគ្នាចោលដប ទឹកសុទ្ធទៅលើទីលានដែលកំពុងទាត់នោះយ៉ាងច្រើន។
បន្ទាប់ពីការប្រកួតត្រូវបានបញ្ចប់ ក្រុមកីឡាករខ្មែរទាំងអស់ត្រូវបានតាមការពារដោយ ក្រុមរាជអាវុធហត្ថ។រីឯទស្សនិកជនក៏ធ្វើ់ដំណើរចុះពីកន្លែងអង្គុយគ្រប់គ្នា មកដល់ក្រោមក៏មានការវាយកំទេចទៅលើរថយន្តដែលដឹកកីឡាករខ្មែរ បែកកញ្ចក់ខ្ទេច និង វាយម៉ូតូរបស់ប៉ូលីសខ្ទេចអស់។កងកំលាំងការពារទាំងអស់ព្យាយាមបំបែកក្រុមកុប្បកម្មនោះយ៉ាងលំបាកដោយសារមានមនុស្សច្រើនពេក ទើបមានការបាញ់ឡើងលើប្រមាណជា៤ ទៅ៥គ្រាប់ ទើបក្រុមកុប្បកម្មទាំងអស់រំសាយ។
បើតាមការស្ទង់មតិពីទស្សនិកជនទាំងអស់ ពួកគេយល់ថាបើតាមសមត្ថភាពពិតប្រាកដរបស់កីឡាករខ្មែរយើងអាចយកឈ្នះបាន ពី ៥ ទៅ៦ គ្រាប់ឯណោះ នេះប្រហែលជាមានការស៊ូកប៉ាន់ពីអ្នករកស៊ីធំៗ ទើបពូកគេមិនលេងទាល់តែសោះក្នុងតង់ទី២នោះ។ម៉្យាងទៀតពួកគេខឹងថាបើខ្មែរមិនប្រឹងយកឈ្នះដល់៨គ្រាប់ខ្មែរនឹងធ្លាក់មិនអាចឡើងទៅវគ្គបន្តទៀតបានឡើយហេតុដូចនេះ ទើបពួកគេស្រែកជេរថា “ខ្មែរលក់ជាតិ ខ្មែរលក់គ្រប់បាល់”។
ចំលើយការពិតទៅជាយ៉ាងណានោះនៅមិនទាន់នៅឡើយទេ ថាតើមូលហេតុអ្វីបានជាខ្មែរមិនព្រម យកឈ្នះលើសពី ២ គ្រាប់?